
https://www.facebook.com/lkfutsalclub ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតទី៣ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ទីម័រខាងកើត បាននាំមុខ ១-០ មុននៅនាទីទី២២ដោយខ្សែប្រយុទ្ធ Joao Pedro ប៉ុន្តែ ស រតនា បានជួយឲ្យ កម្ពុជា តាមស្មើ ១-១ នៅនាទី៤២។ ការប្រកួតវគ្គទី២រហូតដល់នាទីទី៧៩ទើប ខ្សែប្រយុទ្ធ ហាវ សុខនេត្រ ស៊ុតគ្រាប់បាល់ជ័យជម្នះ២-១។
លទ្ធផលនេះបានជួយឲ្យកម្ពុជារកបាន៣ពិន្ទុបន្ថែមដើម្បីបាន៤ពិន្ទុតាមរយៈជ័យជម្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ ដូច្នេះកម្ពុជានៅមានក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គបន្តដោយត្រូវប្រកួតកាត់សេចក្តីចុងក្រោយជាមួយក្រុមខ្លាំងថៃនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាក់ផងថា ទីម័រខាងកើត អស់ភារកិច្ចហើយ បន្ទាប់ពីចាញ់ទាំង៤ប្រកួតដោយរកមិនបានពិន្ទុសោះ។ ខណៈ ថៃ បានឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ក្រោយយកឈ្នះ សិង្ហបុរី ៤-២។ ចំណែកក្រុម កម្ពុជា ម៉ាឡេស៊ី និង សិង្ហបុរីនៅមានឱកាសឡើងវគ្គបន្តដូចគ្នា តែត្រូវកាត់សេចក្ដីនៅប្រកួតចុងក្រោយថាក្រុមណានិង ឡើងទៅវគ្គបន្ដជាមួយក្រុមថៃ៕