
https://www.facebook.com/lkfutsalclub ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវមកពីប្រទេសឥណ្ឌូណេស៊ី PSM Makassar FC វេលាម៉ោង៧:៣០នាទីយប់នេះ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship ២០២៤-២៥។
វាជាការប្រកួតដ៏សំខាន់ និងចាំបាច់ត្រូវស្វែងរកឲ្យបានពិន្ទុដាច់ខាតសម្រាប់ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីពីរប្រកួតកន្លងទៅឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ កំពុងស្ថិតនៅលេខ៤ក្នុងពូល។ ចំណែកក្រុមរបស់ឥណ្ឌូណេស៊ី PSM Makassar FC កំពុងឈរលើកំពូលតារាងដោយមាន៤ពិន្ទុ បន្ទាប់ពីឈ្នះ១ និងស្មើ១។
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Jose Munoz បានឲ្យដឹងថា កីឡាករសំខាន់មួយចំនួនបានរងរបួសដូចជា គឹម សុខយុទ្ធ, Bablo និង Ryo Fujii ជាដើម ប៉ុន្តែនៅមានកីឡាករល្អៗជាច្រើនទៀតដែលអាចលេងបាន។
បន្ទាប់ពីឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ ព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុជាចាំបាច់ដើម្បីបង្កើនក្តីសង្ឃឹមកាន់តែច្រើនក្នុងការលើកទៅកាន់វគ្គពាក់កណ្តាល ខណៈនេះជាការប្រកួតក្នុងដីលើកដំបូង។ សម្រាប់ពីរប្រកួតទៀត ព្រះខ័នរាជស្វាយរៀងនឹងធ្វើដំណើរទៅទឹកដីវៀតណាមជួបក្រុម Dong A Thanh Hoa នៅថ្ងៃទី២២ ខែមករា និងចុងក្រោយទទួលក្រុមមីយ៉ាន់ម៉ា Shan United នៅថ្ងៃទី៥ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕