
លោក Kim Sang-sik គ្រូបង្វឹកជម្រើសជាតិវៀតណាមបានយល់ឃើញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានគុណភាពល្អតាមរយៈកីឡាករចូលសញ្ជាតិខ្មែរដែលស័ក្តិសមសម្រាប់ក្រុមរបស់លោកកម្តៅសាច់ដុំ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក Kim Sang-sik បាននិយាយថា ៖«ក្រុមកម្ពុជាមានកីឡាករចូលសញ្ជាតិច្រើន។ ពួកគេបានបង្ហាញសមត្ថភាពហើយក្នុងពានរង្វាន់ ASEAN Cup ឆ្នាំ២០២៤ ដែលបញ្ជាក់ មិនមែនជាដៃគូងាយស្រួលយកឈ្នះនោះទេ។ ខ្ញុំចង់ឃើញកីឡាករថ្មីនៅក្នុងជម្រើសជាតិវៀតណាមបង្ហាញសមត្ថភាព ហើយរំពឹងទទួលបានជ័យជម្នះ។ កម្ពុជាមានការប្រែប្រួលច្រើន បើប្រៀបធៀបនឹងពីមុន។ ខ្ញុំនឹងប្រុងប្រយ័ត្នដើម្បីរកដំណោះស្រាយសម្រាប់ការប្រកួតនេះ»។
នៅក្នុងសន្និសីទព័ត៌មានដដែលនេះ លោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានកោតសរសើរការដឹកនាំរបស់លោក Kim Sang-sik ដែលទើបតែបានជួយវៀតណាមឈ្នះជើងឯកអាស៊ានកាលពីដើមឆ្នាំ២០២៥។ លោកពិតជាសោកស្តាយដែលកូនក្រុមរបស់លោកមិនអាចលេងតទល់ជាមួយកីឡាករឆ្នើមទទួលបានសញ្ជាតិវៀតណាម Nguyen Xuan Son។
នៅក្នុងប្រវត្តិជួបគ្នា៩លើកផ្លូវការចុងក្រោយ កម្ពុជាមិនធ្លាប់បានយកឈ្នះ ឬស្មើវៀតណាមឡើយ ប៉ុន្តែលោក លោក Koji Gyotoku ធ្លាប់ដឹកនាំកម្រិតយុវជនទទួលបានជ័យជម្នះលើក្រុមយុវជនវៀតណាម៕