
ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស Harry Kane បានឈ្នះជើងឯកពាន Bundesliga លើកដំបូងជាមួយ Bayern Munich និងជាពានលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន។
ក្រុម Bayern Munich បានក្លាយជាជើងឯកលីគកំពូល អាល្លឺម៉ង់ Bundesliga រដូវកាល ២០២៤-២០២៥ ជាផ្លូវការហើយ ដ្បិតនៅសល់ ២ ប្រកួតទៀតក៏ដោយ បន្ទាប់ពីក្រុមឈរលេខ ២ Bayer Leverkusen ភ្លាត់ស្មើទល់នឹងក្រុម SC Freiburg ២ ទល់នឹង ២ កាលពីថ្ងៃ អាទិត្យ ទី ៤ យប់មិញ ខណៈលទ្ធផលនេះធ្វើឱ្យពួកគេត្រូវ Bayern Munich វ៉ាដាច់ពិន្ទុដល់ទៅ ៨ ពិន្ទុ។
ជុំវិញការឈ្នះពានលីគ Bundesliga របស់ Bayern Munich នៅរដូវកាលនេះ វាគឺជាពានផ្លូវការលើកដំបូងសម្រាប់ Kane នៅក្នុងអាជីពរបស់គេ។ Kane បានប្រឡូកនៅក្នុងអាជីពជាកីឡាករបាល់ទាត់អស់រយៈពេល ១៥ ឆ្នាំហើយ ខណៈក្លិបដែលគេរួមរស់ជាមួយយូរជាងគេ គឺក្រុម Tottenham Hotspur ប៉ុន្តែជារឿងអកុសល រូបគេមិនដែលបានឈ្នះពានណាមួយសោះនៅទីនោះ។ ទើបតែឥឡូវរូបគេមកដល់ក្លិបយក្ស អាល្លឺម៉ង់ ក្នុងរដូវកាលទី ២ ទើបរូបគេអាចសម្រេចក្តីស្រមៃឈ្នះពានលើកដំបូងនៅក្នុងអាជីព៕