
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសពី លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកនៅចុងបញ្ចប់រដូវកាលនេះ។
ដូច្នេះមានន័យថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ជាមួយ ភ្នំពេញក្រោន ខាងមុខនេះគឺជាការប្រកួតចុងក្រោយរបស់លោកនៅក្នុងរដូវកាលនេះហើយ។
លោក Pep Muñoz ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមពេលនេះលោកបានដឹកនាំក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់ និងជើងឯករងពានរង្វាន់អាស៊ី AFC Challenge League ។ ជាមួយគ្នានេះ លោកបានដឹកនាំព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប្រកួតនៅថ្ងៃទី២៥ ខែឧសភានេះទៀត។
លោក Pep អាយុ៤៥ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធជាបង្វឹកជាង១៩ឆ្នាំ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។
ចំណាយរយៈពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន មុនពេលចូលដឹកនាំព្រះខ័នរាជស្វាយរៀង៕