Paragraph: ព្រះខ័នរាជស្វាយរៀង នឹងឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើត ប្រសិនបើឈ្នះក្រុម Ezra FC វេលាម៉ោង ៧ យប់ ថ្ងៃទី២៩ ខែតុលា សម្រាប់ការប្រកួតលើកទី២ សន្សំពិន្ទុក្នុងពូល D ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦។
ការប្រកួតលើកទី១ កាលពីថ្ងៃទី២៦ ខែតុលា ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុ តាមរយៈជ័យជម្នះ ៣-០ លើក្រុមរបស់ម៉ុងហ្គោលី SP Falcons ដើម្បីឈរលើកំពូលតារាង។ ចំណែកក្រុមរបស់ឡាវ Ezra FC បានចាញ់ ក្រុមរបស់ហ្វីលីពីន Manila Digger ដោយលទ្ធផល ៣-១។
ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះសម្រាប់ការប្រកួតលើកទី២នេះ ពួកគេនឹងកក់កៅអីវគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើតដោយស្វ័យប្រវត្តិ បើទោះជានៅសល់១ប្រកួតទៀត។ ចំណែក ក្រុម Ezra FC នឹងអស់ឱកាសឡើងទៅកាន់វគ្គបន្ត ប្រសិនបើចាញ់ការប្រកួតលើកទី២ ហើយក្រុម Manila Digger ឈ្នះក្រុម SP Falcons។ ផ្ទុយទៅវិញប្រសិនបើក្រុមរបស់ម៉ុងហ្គោលី ឈ្នះ ក្រុមរបស់ ហ្វីលីពីន វិញនោះ ក្រុមរបស់ឡាវ នៅមានឱកាសអ៊ុតមើលការប្រកួតចុងក្រោយ។
ទោះបីជាយ៉ាងណា គិតជារួមក្រុម Ezra FC ត្រូវបានគេមើលឃើញសមត្ថភាពមានកម្រិតទាបជាងក្រុមផ្សេងៗក្នុងពូលជាមួយគ្នា ដូច្នេះពិបាកនឹងបញ្ចប់ដោយលទ្ធផលជ័យជម្នះ ឬស្មើ នឹងក្រុមព្រះខ័នរាជស្វាយរៀងណាស់។
មួយប្រកួតបើកឆាកដូចគ្នា កីឡាករ Kwame Peprah រកបាន ២ គ្រាប់ដើរតួនាទីយ៉ាងសំខាន់ ខណៈកីឡាករ Patrick បញ្ជូនបាល់បាន ២ លើក ក៏ជាកីឡាករដ៏គ្រោះថ្នាក់របស់ ព្រះខ័នរាជស្វាយរៀង សម្រាប់ក្រុម Ezra FC ដែលបានទម្លាយសំណាញ់ទីរបស់ Manila Digger បាន១គ្រាប់ដោយប្រធានក្រុម Peter Phanthavong។
បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មាន ៣ ពិន្ទុ ឈរលើកំពូលតារាងពូល D ហើយក្រុម Manila Digger មាន ៣ ពិន្ទុឈរលេខ២ ខណៈក្រុមមិនទាន់មានពិន្ទុគឺ Ezra FC ឈរលេខ៣ និង SP Falcons ឈរលេខ២។
និយាយឲ្យខ្លី ប្រសិនបើក្រុម ព្រះខ័នរាជស្វាយរៀង និង Manila Digger ឈ្នះដូចគ្នានៅថ្ងៃទី២៩ តុលានេះ គឺកក់កៅអីឡើងទៅកាន់វគ្គបន្តទាំងពីរក្រុម ហើយក្រុម Ezra FC និង SP Falcons អស់ឱកាសតែម្តង៕



