
វេលាម៉ោង៦ល្ងាចនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។
ថ្ងៃនេះជាប្រកួតទី២សម្រាប់ក្រុមកម្ពុជា បន្ទាប់ពីប្រកួតទី១បានត្រឹមស្មើក្រុមខ្លាំងម៉ាឡេស៊ី ដោយលទ្ធផល ២-២ ប៉ុន្តែល្ងាចនេះជាការប្រកួតទី១ ក្នុងពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤
សម្រាប់សិង្ហបុរីដែលលេងក្នុងផ្ទះរបស់ខ្លួន។ ប្រវត្តិជួបគ្នា៥លើកចុងក្រោយគិតតាំងពីឆ្នាំ២០១៥ កម្ពុជា ឈ្នះ១ និងចាញ់៤ ដូច្នេះសិង្ហបុរីមានប្រវត្តិល្អជាង។
បច្ចុប្បន្ន ក្រុមទាំង២មានការរីកចម្រើនច្រើនគួរឲ្យកត់សំគាល់។ ជាក់ស្ដែង កម្ពុជា មានកីឡាករចូលសញ្ជាតិរហូតដល់ទៅ ៦នាក់។ ចំណែកក្រុមសិង្ហបុរីមានកីឡាករជប៉ុនម្នាក់ចូលសញ្ជាតិ ខណៈ ២៥នាក់ផ្សេងទៀតសុទ្ធតែមានដើមកំណើតក្នុងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ផងថា កំណត់ត្រារបស់កម្ពុជាក្នុងពានរង្វាន់ ASEAN Championship មិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយ។ ដូច្នេះកម្ពុជាត្រូវរកឲ្យបាន៣ពិន្ទុពីសិង្ហបុរី ទើបបង្កើនក្ដីសង្ឃឹមឡើងទៅជុំបន្ដ។ ចំពោះម្ចាស់ផ្ទះសិង្ហបុរីជាក្រុមខ្លាំងមួយដោយធ្លាប់ឈ្នះជើងឯក៤លើករួចមកហើយ។