
ខ្សែប្រយុទ្ធរបស់ Real Betis កីឡាករ Antony បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការផ្តួលក្រុមកំពូលតារាង Barcelona នៅចុងសប្តាហ៍នេះ។
នៅថ្ងៃ អាទិត្យ ទី ៦ សប្តាហ៍នេះ ក្រុម Real Betis នឹងធ្វើដំណើទៅកាន់កីឡដ្ឋាន Estadi Olimpic Lluis Companys របស់ Barcelona ដើម្បីប្រកួតសប្តាហ៍ទី ៣០ ពានរង្វាន់ La Liga លីគរបស់ អេស្ប៉ាញ។
យ៉ាងណាមិញ មុនការប្រកួតនេះមកដល់ Antony ខ្សែប្រយុទ្ធស្លាបរបស់ Real Betis ហាក់មានក្តីជឿជាក់ខ្លាំងមែនទែន ថា ក្រុមរបស់ខ្លួនគេ នឹងអាចផ្តួល Barcelona បាន។ ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៥ ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថា ៖«ពួកយើងដឹងថា ពួកគេមានកីឡាករគុណភាពជាច្រើន ប៉ុន្តែពួកយើងធ្លាប់បានបំបាក់ Real Madrid រួចហើយ ដូច្នេះវាមិនមែនជារឿង ដែលមិនអាចទៅរួចឡើយ ដែលយើងអាចផ្តួល Barca មួយទៀត»។
គួរដឹងថា Barcelona បច្ចុប្បន្នកំពុងឈរនៅកំពូងតារាងចំណាត់ថ្នាក់ La Liga ដោយឆ្លងកាត់ ២៩ ប្រកួត ពួកគេឈ្នះ ២១ ស្មើ ៣ និងចាញ់ ៥ មាន ៦៦ ពិន្ទុ។ ចំណែក Real Betis វិញ បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ ដោយឆ្លងកាត់ ២៩ ប្រកួតដូចគ្នា ពួកគេមាន ៤៧ ពិន្ទុ៕