
ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ រដូវកាល២០២៤-២៥ រកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
ភ្នំពេញក្រោន បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីយកឈ្នះ ណាហ្គាវើល៍ ទាំងពីរជើងដោយលទ្ធផល ៤-១ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ នៅថ្ងៃទី២ ខែមេសា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ គិរីវង់សុខសែនជ័យ ទាំងពីរជើងដោយលទ្ធផល ៤-២ ហើយ វិសាខា បានយកឈ្នះ ក្រសួងការពារជាតិ ទាំងពីរជើងដោយលទ្ធផល ៦-២។
ចុងក្រោយ កាលពីថ្ងៃទី៣ ខែមេសា បឹងកេត បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយគេ បន្ទាប់ពីឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ទាំងពីរជើងដោយលទ្ធផល ៣-០។
គូវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត និង ភ្នំពេញក្រោន ប៉ះ វិសាខា ដែលសុទ្ធតែជាក្រុមខ្លាំងប៉ះគ្នា៕