
ខ្សែប្រយុទ្ធ Andres Nieto បានបង្ហើបពីការចាកចេញពីក្លិប ភ្នំពេញក្រោន ឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីជួយឱ្យក្រុមរហស្សនាមសិង្ហក្រហមឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៨ កាលយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥។
Nieto បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៤-២០២៥ ក្រោយខកខានអស់រយៈពេល ១៦ ឆ្នាំ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី ៧៩ ជួយឱ្យក្រុម សិង្ហក្រហម យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
យ៉ាងណា ក្រោយការប្រកួតបញ្ចប់ ខ្សែប្រយុទ្ធជនជាតិ កូឡុំប៊ី សញ្ជាតិខ្មែរ វ័យ ២៩ ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានក្នុងបទសម្ភាសថា ខ្លួននឹងចាកចេញពី ភ្នំពេញក្រោន និងលីគកំពូលកម្ពុជា នៅរដូវកាលនេះហើយ។ ទោះបីយ៉ាងណា កីឡាករមិនទាន់បានប្រាប់លម្អិតអំពីអនាគតរបស់ខ្លួននាពេលបន្ទាប់ និងទៅលេងនៅក្លិបណា ឬប្រទេសណានៅឡើយទេ។
គួរបញ្ជាក់ថា Nieto បានចូលរួមជាមួយ ភ្នំពេញក្រោន នៅឆ្នាំ ២០១៩ ខណៈក្នុងការលេងនៅទឹកដី Smart RSN រយៈពេល ៦ ឆ្នាំមកនេះ រូបគេបានជួយឱ្យភ្នំពេញក្រោនឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២ លើក, ពាន Cambodian League Cup ២ លើក និងពានសម្តេចហ៊ុន សែន ១ លើក៕