
ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានគ្រងជើងឯក UEFA Nations League រដូវកាល ២០២៤-២៥ តាមរយៈជ័យជម្នះលើក្រុមគោជល់ អេស្ប៉ាញ ដោយការស៊ុតប៉េណាល់ទីកាត់សេចក្តី ក្នុងលទ្ធផល ៥-៣ បន្ទាប់ពីប្រើពេល១២០នាទី ស្មើគ្នា ២-២។
អេស្ប៉ាញ បើកការនាំមុខ ១-០ នៅនាទី ២១ ដោយកីឡាករ Martin Zubimendi ប៉ុន្តែត្រូវបាន ព័រទុយហ្គាល់ តាមស្មើ ១-១ នៅនាទីទី ២៦ ដោយកីឡាករ Nuno Mende។ ចុងវគ្គទី១ អេស្ប៉ាយ បានទម្លាយសំណាញ់ទីរបស់ ព័រទុយហ្គាល់ ជាថ្មីដើម្បីនាំមុខ ២-១ នៅនាទី៤៥ ប៉ុន្តែវីរបុរសព័រទុយហ្គាល់វ័យ ៤០ ឆ្នាំដែលជាប្រធានក្រុម Cristiano Ronaldo បានស៊ុតតាមស្មើ ២-២ នៅនាទី ៦១។
ការប្រកួតបន្ទាប់គ្មានគ្រាប់បាល់កើតឡើងទេ បើទោះជាបន្ថែម១៥នាទីពីរដង ដែលត្រូវប្រើពេល១២០នាទីក៏ដោយ។ ទីបំផុត ការទាត់ប៉េណាល់ទីកាត់សេចក្តីបានកើតមានឡើង ដោយ ព័រទុយហ្គាល់ ធ្វើបានយ៉ាងល្អឥតខ្ចោះស៊ុតចូលទាំង ៥គ្រាប់ ខណៈ អេស្ប៉ាញ ស៊ុតចូលតែ ៣ គ្រាប់ប៉ុណ្ណោះ។
នេះជាការឈ្នះជើងឯក UEFA Nations League លើកទី ២ របស់ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បន្ទាប់ពីពួកគេបានឈ្នះលើកទី១កាលពីឆ្នាំ២០១៩។
ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយទៀត គឺជាកីឡាករអាយុច្រើនជាងគេបំផុតដែលបានឈ្នះពានរង្វាន់នេះក្នុងវ័យ៤០ឆ្នាំ ហើយរូបគេបានឈ្នះពីរលើក៕