ខ្សែបម្រើការពារ សុផល ឌីម៉ង់ ទទួលបានការកោះហៅចូសជម្រើស កម្ពុជា ក្រុមធំជាលើកដំបូង បន្ទាប់ពីបង្ហាញសមត្ថភាពលេចធ្លោជាមួយក្រុម ព្រះខ័នរាជស្វាយរៀង នារដូវកាលនេះ។
សុផល ឌីម៉ង់ ជាកីឡាករវ័យក្មេង ដែលមានសក្តានុពលខ្លាំង ប៉ុន្តែអំឡុងពេលលេងនៅក្លិប អង្គរថាយហ្គើរ។ កីឡាករ មិនធ្លាប់ទទួលបានឱកាសជាប់ជម្រើសជាតិក្រុមធំឡើយ ពោលគឺរូបគេបានជាប់ត្រឹមក្រុមយុវជនប៉ុណ្ណោះ។
កាលពីពេលចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នៅដើមរដូវកាលកីឡាករវ័យ ២៤ ឆ្នាំបាននិយាយថា៖
«ខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់ឱ្យខ្លាំង និងជួយក្រុមតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ព្រោះមកទីនេះខ្ញុំបានដាក់គោលដៅលើស ១០០% ដើម្បីជួយក្រុម។ គោលដៅដំបូងរបស់ខ្ញុំ ដែលមកព្រះខ័នរាជស្វាយរៀង គឺការបានលេងជម្រើស ១១ នាក់ដំបូង បង្ហាញសមត្ថភាពនៅលើទីលាន ជួយក្លិបឱ្យលើកពាន និងការទទួលបានឱកាសជាប់ជម្រើសជាតិ»។
យ៉ាងណាការផ្លាស់មកកាន់ ព្រះខ័នរាជស្វាយរៀង នៅរដូវកាល ២០២៥-២០២៦ សុផល ឌីម៉ង់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយជាលទ្ធផល គឺរូបគេតែងតែស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់ក្រុមសឹងតែគ្រប់ការប្រកួត ហើយឥឡូវនេះកីឡាករថែមទាំងទទួលបានការទុកចិត្តពីគ្រូបង្វឹកលោក Koji Gyotoku កោះហៅចូលក្រុមធំជម្រើសជាតិ កម្ពុជា ជាលើកដំបូងទៀតផង។



