ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងជួប ហុងកុង លើកទី១១ វេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍នេះ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដើម្បីស្វែងរកឱកាសបញ្ចប់ប្រវត្តិសាស្ត្រមិនធ្លាប់ឈ្នះ ហុងកុង។
ក្រុមកម្ពុជា ស្ថិតនៅលេខ ១៧៩ ក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ខណៈ ហុងកុង ស្ថិតនៅលេខ ១៤៨ ដែលល្អជាងកម្ពុជា។ តាមរយៈតារាងចំណាត់ថ្នាក់នេះគឺបញ្ជាក់ថា ហុងកុង មានកម្រិតគុណភាពល្អជាង កម្ពុជា។
កម្ពុជា មានកីឡាករលេងនៅក្នុងស្រុក ២១ នាក់ និងកីឡាករលេងនៅក្រៅប្រទេស ២ នាក់គឺខ្សែបម្រើការពារ Nick Taylor មកពីក្លិប PT Prachaup FC នៃលីគថៃ និងងកីឡាករ Andres Neito មកពីក្លិប Bhyangkara នៃលីគឥណ្ឌូណេស៊ី។
នៅក្នុងឆ្នាំ ២០២៥ ក្រុមកម្ពុជា មានការប្រកួតមិត្តភាពអន្តរជាតិ ៣ លើកប៉ុណ្ណោះ ប៉ុន្តែចាញ់ទាំង ៣ លើកគឺ ចាញ់ វៀតណាម ១-២, ចាញ់ អារូបា ១-២ និងចាញ់ តាហ្ស៊ីគីស្ថាន ១-២។ យ៉ាងណា ៨ប្រកួតចុងក្រោយ កម្ពុជាតែងតែរកបានគ្រាប់បាល់លើគូប្រកួតរហូត។
ចំណែក ហុងកុង វិញ បានប្រកួត ១១ លើកក្នុងឆ្នាំ ២០២៥ ក្នុងនោះ ឈ្នះ ៤ ស្មើ ៣ និងចាញ់ ៤ ។ ពួកគេមានកម្រិតគុណភាពល្អដោយសារមានកីឡាករកូតកាត់ច្រើន និងជាពិសេសមានកីឡាករលេងនៅក្រៅប្រទេសច្រើន។
ក្រុមហុងកុងមានតំបន់ការពាររឹងមាំល្អណាស់ ដោយសារពួកគេមានកីឡាករលេងនៅប្រទេសចិន ៨ នាក់ និង១នាក់លេងនៅប្រទេសអេស្តូនី។
ប្រវត្តិជួបគ្នា ១០ លើកចុងក្រោយ កម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះ ហុងកុង ឡើយគឺ ស្មើ ២ និងចាញ់ ៨ ដូច្នេះការជួបគ្នាលើកទី១១នេះ អ្នកគាំទ្ររំពឹង កម្ពុជា អាចបញ្ចប់ប្រវត្តិសាស្ត្រដ៏អាក្រក់បាន។



