ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah កំពុងឈរនៅលើគេ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំលីគកំពូល កម្ពុជា (Cambodian Premier League)។
ក្រោយឆ្លងកាត់ ១០ ប្រកួតក្នុងលីគកំពូល កម្ពុជា ពេលនេះខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Kwame Peprah រកបានគ្រាប់បាល់សរុបឱ្យក្រុម ព្រះខ័នរាជស្វាយរៀង បានចំនួន ១០ គ្រាប់ហើយ។ គ្រាប់បាល់ទី ១០ របស់ Kwame គឺរកបានកាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅក្នុងការប្រកួត ដែលព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ២ ទល់នឹង ១។
ស្ថិតិកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតរបស់ Kwame Peprah បច្ចុប្បន្នកំពុងតាមពីក្រោយ ដោយកីឡាករ Kurita Mark Adjei របស់ក្រុម អង្គរថាយហ្គើរ និងមិត្តរួមក្រុមរបស់គេកីឡាករ Patrick Robson ដែលរកបានចំនួន ៧ គ្រាប់ស្មើគ្នា។
ថ្វីដ្បិត Kwame Peprah លេងតួនាទី ជាខ្សែប្រយុទ្ធកណ្តាលក៏ពិតមែន ប៉ុន្តែស្ថិតិបញ្ជូន (assists) របស់គេក៏រកបានច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបច្ចុប្បន្នកីឡាកររកបានបញ្ជូន ៤ លើក និងកំពុងតាមពីក្រោយកីឡាករ Maksym Pryadun របស់ ភ្នំពេញក្រោន, កីឡាករ Oliveira Lucas របស់ ណាហ្គាវើលដ៍ និងកីឡាករ Park Jung-bin របស់ វិសាខា ដែលរកបានបញ្ជូន ៥ លើកដូចគ្នា៕



