លោក Ruud Van Nistelrooy បានបញ្ចប់ការងារជាគ្រូបង្វឹកបណ្ដោះអាសន្ននៅក្លឹប Manchester United កាលពីថ្មីៗនេះ បន្ទាប់ពីក្លឹបបានតែងតាំងលោក Ruben Amorim ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។
លោក Ruud Van Nistelrooy ត្រូវបានគេរាយការណ៍ថា កំពុងពិចារណា សម្រាប់តំណែងជាអ្នកចាត់ការទូទៅជាមួយក្លឹបចំនួន ២ បានកំពុងចាប់អារម្មណ៍លើលោក បន្ទាប់ពីការចាកចេញពី Man Utd។
ក្រោយការចេញពីក្លិបមិនបានប៉ុន្មានសប្ដាហ៍ផងមានដំណឹងថា ក្លិប Hamburg នៅលីគទី២របស់អាល្លឺម៉ង់ និងក្លិបអង់គ្លេស Leicester City កំពុងពិចារណានាំយកលោក Van Nistelrooy ជាគ្រូបង្វឹក។
ក្លិប Hamburg បានបញ្ចប់តួនាទីលោក Steffen Baumgart នៅចុងសប្តាហ៍នេះ។ ពួកគេកំពុងសម្លឹងឃើញលោក Van Nistelrooy ជាបេក្ខភាពគ្រូបង្វឹកថ្មី។ ទន្ទឹមជាមួយគ្នា បុរសវ័យ៤៨ឆ្នាំរូបនេះត្រូវបានក្លិប Leicester City បានទាក់ទងគាត់ផងដែរ ក្រោយពួកគេបានបញ្ចប់តួនាទីគ្រូបង្វឹកលោក Steve Cooper កាលពីថ្ងៃអាទិត្យ។
ក្នុងអំឡុងពេលជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Man Utd លោក Ruud Van Nistelrooy ដឹកនាំក្រុមបានចំនួន៤ប្រកួតក្នុងនោះឈ្នះក្លិប Leicester ២លើក ឈ្នះក្លិប PAOK ១លើក និងស្មើគ្នា Chelsea ១លើក។ លោកធ្លាប់ដឹកនាំក្លិប PSV Eindhoven ឆ្នាំ២០២២ និងបានជួយក្រុមឈ្នះពានរង្វាន់ KNVB Cup៕



