
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែ ធ្នូ នេះក្រុម Tottenham Hotspur បានបើកទ្វាកីឡដ្ឋាន Tottenham Hotspur របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup ឬនិយមហៅថា Carabao Cup។
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ ពិតជាតានតឹងមែនទែន ប៉ុន្តែជារួមក្រុមម្ចាស់ផ្ទះ Spurs ហាក់ធ្វើបានល្អជាងដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Man UTD ក្នុងលទ្ធផល ៤-៣ ដណ្ដើមបានកៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ។
ក្នុងនោះ ៤គ្រាប់របស់ Spurs គឺរកបានដោយកីឡាករ Dominic Solanke ២គ្រាប់នៅនាទីទី ១៥ និង ៥៤ ចំណែក ២គ្រាប់ទៀត គឺរកបានដោយ Dejan Kulusevski នៅនាទីទី ៤៦ និង Son Heung-min នៅនាទីទី ៨៨។ រីឯ ៣គ្រាប់របស់ Man UTD វិញ គឺរកបានដោយ Joshua Zirkzee នៅនាទីទី ៦៣ Amad Diallo នៅនាទីទី ៧០ និង Jonny Evans នៅនាទីទី ៩០+៤។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spurs នឹងត្រូវជួបជាមួយក្រុមខ្លាំង Liverpool ដោយជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ និងជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥៕