
លោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បានចាត់ទុកការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង វេលាម៉ោង៧:៣០នាទីយប់នេះមិនមែនជាការប្រកួតដើម្បីធ្វើតេស្តសមត្ថភាពកីឡាកររវាងក្រុមទាំងពីរ។
ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមមកពីមីយ៉ាន់ម៉ា Shan United នៅយប់ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់វគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់ ASEAN Club Championship។
ក្រុមទាំងពីរបានអស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដូច្នេះការប្រកួតយប់នេះគ្រាន់តែជាការប្រកួតបង្ក្រប់កិច្ចប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Ono Hiroki គ្រូបង្វឹកសញ្ជាតិជប៉ុនរបស់ក្រុម Shan United បាននិយាយថា ៖«ការប្រកួតថ្ងៃនេះជាការប្រកួតដ៏លំបាកមួយ ពីព្រោះព្រះខ័នរាជស្វាយរៀងជាក្រុមមានកីឡាករប្រយុទ្ធល្អៗ ដូចជាកីឡាករប្រេស៊ីល និងកីឡាករក្នុងស្រុកមួយចំនួន។ សម្រាប់របស់ខ្ញុំ បើមិនប្រឹងខ្លាំងទេ ប្រាកដជារបូតច្រើនគ្រាប់»។
ការលើកឡើងរបស់លោក Ono Hiroki បែបនេះ ដោយសារតែក្រុមទាំងពីរត្រូវជួបគ្នាពីរលើកទៀតក្នុងវគ្គ៨ក្រុមចុងក្រោយប្រចាំតំបន់អាស៊ាន ពានរង្វាន់ AFC Challenge League នៅខែមីនាខាងមុខ។ ដូច្នេះការប្រកួតយប់នេះប្រៀបដូចជាការធ្វើតេស្តសមត្ថភាពរវាងក្រុមទាំងពីរ៕