
នាយប់យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ មីនា នេះ ក្រុមបិសាចក្រហម Manchester United បានបើទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad របស់ អេស្ប៉ាញ ក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ Europa League។
ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ Man United ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមភ្ញៀវ Real Sociedad ដោយលទ្ធផល ៤ ទល់នឹង ១។
ក្រុមភ្ញៀវ Real Sociedad ជាអ្នករកគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Mikel Oyarzabal នៅនាទីទី ១០ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែក្រោយមកក្រុមម្ចាស់ផ្ទះ រកបានគ្រាប់បាល់វាយបកបាន ៤ គ្រាប់មកវិញ ដែលស៊ុតបញ្ជូលទីដោយប្រធានក្រុម Bruno Fernandes ៣ គ្រាប់ (hat-trick) នៅនាទីទី ១៦ (ប៉េណាល់ទី), ៥០ (ប៉េណាល់) និងនាទីទី ៨៧។ ដោយឡែក ១ គ្រាប់ទៀត គឺរកបានដោយខ្សែការពារ Diogo Dalot នៅនាទីទី ៩០+១។
គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ Man United បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ពាន UEL ជាផ្លូវការហើយ បន្ទាប់ពីសរុបការប្រកួតទាំង ២ ជើង ពួកគេបានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៥-២។