
https://bit.ly/4iE3zI6 ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដោយលទ្ធផល ២ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
ការប្រកួតនេះ វៀតណាម បានរកគ្រាប់បាល់នាំមុខ ២គ្រាប់មុននៅវគ្គទី១ មុននឹងកីឡាករវ័យ ១៩ឆ្នាំ បុង សាំយ៉ូអ៊េល ទាត់ចូលតាមបាន ១គ្រាប់នៅវគ្គទី២។
ជាមួយនឹងលទ្ធផលនេះ យ៉ាងណាមិញនៅក្រោយចប់ការប្រកួត លោក Kim Snag-sik គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា ក្រុមរបស់លោកបានសាកល្បងលេងដោយគ្មានខ្សែប្រយុទ្ធនៅវគ្គទី១ ស្របពេលដែលកីឡាករប្ដូរចូលថ្មី នៅវគ្គទី២ ហាក់ធ្វើពុំសូវបានល្អ ទើបនាំឱ្យកម្ពុជា តាមពីក្រោយបាន។
លោក Kim Snag-sik និយាយដូច្នេះថា៖ «ក្នុងវគ្គទី១ ពួកយើងប្រើកលល្បិចលេងដោយគ្មានខ្សែប្រយុទ្ធទេ ដោយកីឡាករ Quang Hai លេងនៅតំបន់កណ្តាល។ ដូចការគ្រោងទុក កីឡាករ Hai Long ស៊ុតបញ្ចូលទី។
នៅវគ្គទី២ នៅពេលដែលកម្លាំងនៃការប្រកួត និងសម្ពាធពីកម្ពុជាកើនឡើង ក្រុមវៀតណាមមានបញ្ហាបន្តិចបន្តួចក្នុងការរម្ងាប់ការលេងគូប្រកួត (ធ្វើឲ្យកម្ពុជាស្ងប់ស្ងាត់)។ ក្រៅពីនេះពេលដែលកីឡាករ Hoang Duc និង Quang Hai មានបញ្ហារបួសប្ដូរចេញ ដូច្នេះកីឡាករបម្រុងមានការលំបាកច្រើនក្នុងការរម្ងាប់ការលេងរបស់គូប្រកួត»។