
សមាគមកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសអំពីថវិការសរុប ដែលត្រូវប្រើប្រាស់នៅក្នុងពាន FIFA Club World Cup ឆ្នាំនេះ គឺមានចំនួនរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។
FIFA បានបញ្ជាក់ជាផ្លូវការកាលពីពេលថ្មីៗនេះថា ម្ចាស់ជើងឯកពាន Club World Cup ២០២៥ នឹងទទួលបានប្រាក់រង្វាន់សរុបចំនួន ១២៥ លានដុល្លារអាមេរិក។
ប្រាក់រង្វាន់សរុបចំនួន ១ ពាន់លានដុល្លារអាមេរិក នឹងត្រូវបែងចែកទៅតាមដំណាក់កាលប្រកួតនីមួយៗ សម្រាប់ក្រុមទាំង ៣២ ក្រុម ដែលបានចូលរួម។ ចំណែកក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានដុល្លារ បូករួមទាំងប្រាក់រង្វាន់ផ្សេងៗទៀត ដែលបានឆ្លងកាត់តាំងពីវគ្គក្នុងពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ សរុបគឺចំនួន ១២៥ លានដុល្លារអាមេរិក។
ចំនួនប្រាក់រង្វាន់នេះ ត្រូវបានគេចាត់ទុកថាជាចំនួនដ៏ច្រើនមហាសាលមួយ បើប្រៀបធៀបនឹងឆ្នាំមុនៗ និងពានរង្វាន់កំពូលៗផ្សេងៗដូចជា Champions League ជាដើម។ តាមការបញ្ជាក់ដោយសារព័ត៌មាន Si.Com ប្រាក់រង្វាន់ក្រុមម្ចាស់ជើងឯក ដែលឈ្នះពាន Champions League គឺបានចំនួនប្រហែល ១០២.៤ លានដុល្លារអាមេរិក។
សូមបញ្ជាក់ជាថ្មីថា ពានរង្វាន់ Club World Cup ២០២៥ នឹងមានក្រុមសរុបចំនួន ៣២ ក្រុមចូលរួម ដោយការប្រកួតនឹងធ្វើឡើងនៅប្រទេស សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៤ ខែ មិថុនា ដល់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ៕