
ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង Son Heung-min បានបញ្ចប់ក្តីសុបិនអាក្រក់របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់រយៈពេល ១៥ ឆ្នាំ ក្រោយឈ្នះពានជាលើកដំបូងជាមួយ Tottenham Hotspur កាលពីយប់មិញ។
ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានធ្វើឱ្យ Man United សម្រក់ទឹកភ្នែកនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League យប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ ឧសភា បន្ទាប់ពីពួកគេយកឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Brennan Johnson នៅនាទីទី ៤២។
ជុំវិញជ័យជម្នះនេះបានធ្វើឱ្យ Spurs ក្លាយជាម្ចាស់ពាន Europa League ជាផ្លូវការ និងបញ្ចប់កំណត់ត្រាមិនឈ្នះពានសោះក្នុងរយៈពេល ១៧ ឆ្នាំ។ ងាកមកកាន់ Son វិញ សម្រាប់ពានមួយនេះ គឺកាន់តែមានអត្ថន័យ និងគួរឱ្យរំភើបចំពោះគេបំផុត ពីព្រោះនេះគឺជាពានដំបូងដែលរូបគេបានឈ្នះជាមួយក្លិបអាជីពក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។
គួរបញ្ជាក់ថា Son បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងជាមួយក្រុម អាល្លឺម៉ង់ Hamburger SV នៅឆ្នាំ ២០១០។ លុះលេងនៅទីនោះបាន ៣ ឆ្នាំ រូបគេក៏បានផ្លាស់ទៅកាន់ក្រុម Bayer Leverkusen។ បន្ទាប់ពីលេងនៅទីនោះដល់ឆ្នាំ ២០១៥ រូបគេបានផ្លាស់មកកាន់ក្រុម Spurs រហូតមកដល់បច្ចុប្បន្ន៕