
ខ្សែប្រយុទ្ធវ័យក្មេងដ៏មានទេពកោសល្យកីឡាករ Lamine Yamal បានសម្រេចចិត្តបន្តកិច្ចសន្យាថ្មីជាមួយ Barcelona ជាផ្លូវការ ដែលមានសុពលភាពរយៈពេលវែងដល់ឆ្នាំ ២០៣១។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន bein Sports បានឱ្យដឹងថា Lamine Yamal នឹងទទួលបានថ្លៃនឿយហត់ចំនួន ៤៤ ម៉ឺនដុល្លារអាមេរិកក្នុងមួយសប្តាហ៍ពីកិច្ចសន្យាថ្មីនេះ ខណៈមួយរដូវកាល រូបគេនឹងរកបានចំនួន ១៧ លានដុល្លារអាមេរិក បូកជាមួយប្រាក់លើកទឹកចិត្តបន្ថែមផ្សេងៗទៀតអាចទទួលបានសរុបចំនួន ២៣ លានដុល្លារអាមេរិក។
ជុំវិញការបន្តកិច្ចសន្យាថ្មីនេះ ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ១៧ ឆ្នាំ មិនត្រឹមតែទទួលបានថ្លៃនឿយហត់ខ្ពស់ ដូចបានបញ្ជាក់ខាងលើនោះទេ ប៉ុន្តែ រូបគេក៏ត្រូវបាន Barcelona ដាក់តម្លៃផ្តាច់កិច្ចសន្យាខ្ពស់ផងដែរ ពោលគឺរហូតដល់ទៅ ១.១ ពាន់លានដុល្លារអាមេរិកឯណោះ។
គួរបញ្ជាក់ថា Lamine Yamal បានក្លាយជាកីឡាករដ៏សំខាន់របស់ Barcelona កាលពីរដូវកាល ២០២៤-២០២៥ ដោយរូបគេបានស៊ុតបញ្ចូលទីចំនួន ១៨ គ្រាប់ និងបញ្ជូន (assist) ចំនួន ២៥ គ្រាប់គ្របកម្មវិធី ហើយក្នុងនោះរូបគេបានជួយឱ្យក្រុមអ្នកមានបុណ្យឈ្នះពាន La Liga និង Copa del Rey ក្នុងរដូវកាលតែមួយផងដែរ៕